វេទិកាធុរកិច្ច កម្ពុជា – សិង្ហបុរី

ធនាគារ ហ្វីលីព ភីអិលស៊ី ដែលជាសមាជិកនៃក្រុមហ៊ុន PhillipCapital Group បានចូលរួមសហការឧបត្ថម្ភនៅក្នុង វេទិកាធុរកិច្ច កម្ពុជា-សិង្ហបុរី ដែលប្រព្រឹត្តទៅនាថ្ងៃទី19 ខែមិថុនា នៅសណ្ឋាគារ Conrad និងសហការរៀបចំរួមគ្នាដោយ សភាពាណិជ្ជកម្មកម្ពុជា សហព័ន្ធធុរកិច្ចសិង្ហបុរី ក្លឹបសិង្ហបុរី-កម្ពុជា និងសមាគមអតីតនិស្សិតសិង្ហបុរី-កម្ពុជា។

ដោយមានការចូលរួមពីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត វេទិកានេះក៏បានលើកឡើងនូវគំនិតសំខាន់ៗជាមួយនឹងការផ្តួចផ្តើមប្រតិបត្តិការតម្លាភាពហិរញ្ញវត្ថុ រវាងសិង្ហបុរី-កម្ពុជា កាលពីថ្ងៃទី18 ខែមិថុនា ផងដែរ។ កម្មវិធីនេះមានការចូលរួមពី មន្ត្រីរដ្ឋាភិបាល អ្នកដឹកនាំធុរកិច្ច វិនិយោគិន និងសហគ្រិនមកពីកម្ពុជា និងសិង្ហបុរី ដើម្បីភ្ជាប់ទំនាក់ទំនង ជួយពន្លឿនលំហូរពាណិជ្ជកម្ម ការវិនិយោគ ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងធ្វើទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។ កិច្ចពិភាក្សានៅឆ្នាំនេះផ្តោតសំខាន់លើ និរន្តរភាព និងឱកាសពង្រីកវិសាលភាពប្រព័ន្ធឌីជីថល រវាងប្រទេសទាំងពីរ។

បន្ថែមពីលើការពង្រីកវិសាលភាពនៃពាណិជ្ជកម្មរបស់ខ្លួន ក្រុមហ៊ុន PhillipCapital Group មានគោលបំណងជំរុញពាណិជ្ជកម្ម និងសេវាកម្មហិរញ្ញវត្ថុតាមរយៈសហគ្រាសធុនតូច និងមធ្យមរវាងប្រទេសទាំងពីរ ដោយឈរលើការការប្តេជ្ញាចិត្តខ្ពស់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងគាំទ្រដល់អាជីវកម្មផងដែរ។